ទំព័រដើមNewsប្រជាពលរដ្ឋ ៣៧៥គ្រួសារ នៅខេត្តកោះកុង ព្រមទទួលយកដី និងថវិកា​ ដើម្បី​បញ្ចប់វិវាទដីធ្លីជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់

ប្រជាពលរដ្ឋ ៣៧៥គ្រួសារ នៅខេត្តកោះកុង ព្រមទទួលយកដី និងថវិកា​ ដើម្បី​បញ្ចប់វិវាទដីធ្លីជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់

នៅថ្ងៃទី២២ មីនា ២០១៨នេះ ប្រជាពលរដ្ឋ​សរុប ៣៧៥គ្រួសារ នៅស្រុកស្រែអំបិល និង​ស្រុកបូទុមសាគរ ខេត្តកោះកុង​ បានព្រមព្រៀង​ទទួលយកដំណោះស្រាយ​​សរុបជាដី ជាង ប្រាំបីរយ​ហិកតា និងថវិកា​ ជាង បួនសែនដុល្លារ [$៤៣៧,៥០០] ហើយ​​ ដើម្បីបញ្ចប់​វិវាទដីធ្លីជាមួយក្រុមហ៊ុន​វិនិយោគដំណាំអំពៅ អ្នកឧកញ៉ា លី យ៉ុងផាត់។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភាគីក្រុមហ៊ុនវិនិយោគដំណាំអំពៅ តំណាងដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏យល់ព្រម ឲ្យរដ្ឋកាត់ដីទំហំ ៨២៥ហិកតា ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពី​ដីសម្បទានសេដ្ឋកិច្ចដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋធ្វើ​ប្រទានកម្មជា កម្មសិទ្ធិជូនពលរដ្ឋ ១៧៥គ្រួសារ ជាដីទំហំ ៣ហិកតា និងថវិកាចំនួន ២៥០០ដុល្លារ ក្នុងមួយគ្រួសារ និងក្រុមប្រជាពលរដ្ឋ ២០០គ្រួសារ​ផ្សេងទៀត ជាដីទំហំ ១,៥ហិកតា ក្នុងមួយគ្រួសារ​តាមសំណូមពរ។​ 

 

លទ្ធផល​នៃដំណោះស្រាយ​វិវាទដីធ្លីដ៏រុំារ៉ៃមួយនេះ បាន​ឈានដល់ទីបញ្ចប់​ ក្នុងកិច្ចប្រជុំមួយ រៀបចំដោយ​ក្រសួងដែនដី ដើម្បី ​រកដំណោះស្រាយ​ករណីវិវាទរវាងប្រជាពលរដ្ឋ​ ៣៧៥គ្រួសារ និងក្រុមហ៊ុន​ Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co,.Ltd ដែលស្ថិតក្នុងភូមិសាស្រ្ត​ឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ កិច្ចប្រជុំនៅ ទីស្តីការក្រសួងដែនដីនេះ មាន​ការចូលរួមពី រដ្ឋមន្រ្តីក្រសួងដែនដី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរសក្តិ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជា ឯកឧត្តម George Edgar តំណាងក្រុមហ៊ុន​វិនិយោគដំណាំអំពៅ អ្នកឧកញ៉ា លី យ៉ុងផាត់ អង្គការសង្គមស៊ីវិល និងពលរដ្ឋពាក់ព័ន្ធ​​។

 

Go to top