HomeMedia CenterHRTF on mediaRFI ៖ គណបក្ស​ប្រជាជន​រក្សា​បាន​សន្លឹក​ឆ្នោត​១​ភាគ​៤ នៃ​សង្កាត់​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ភ្នំពេញ

RFI ៖ គណបក្ស​ប្រជាជន​រក្សា​បាន​សន្លឹក​ឆ្នោត​១​ភាគ​៤ នៃ​សង្កាត់​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ភ្នំពេញ

យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​២៨​សង្កាត់ ក្នុង​ចំណោម​សហគមន៍​រងគ្រោះ ដោយ​សារ​ទំនាស់​ដី​ធ្លី​ចំនួន​៣៦​សង្កាត់ នៅ​រាជធានី​ភ្នំពេញ បាន​បោះ​ឆ្នោត​ទំលាក់​ចៅ​សង្កាត់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤​នា​ឆ្នាំ​២០១៧​នេះ។ ដោយ​ឡែក មាន​តែ​៨​សង្កាត់​គឺ​ស្មើ​នឹង​១​ភាគ​៤ នៃ​សង្កាត់​ដែល​មាន​ជម្លោះ​ដី​ធ្លី​ប៉ុណ្ណោះ ដែល​គណបក្ស​កាន់​អំណាច នៅ​តែ​រក្សា​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​មូលដ្ឋាន។ សង្កាត់​ទាំង​នោះ​រួម​មាន សង្កាត់​ទន្លេ​បាសាក់ ផ្សារ​ថ្មី​៣ ជើង​ឯក ជ្រោយ​ចង្វារ ពញ្ញាតន់ ព្រែកព្នៅ និង​សង្កាត់​ព្រែក​តាសេក។

 

លោក សៀ ភារម្យ ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​បន្ថែម​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​បង្ហាញ​ឆន្ទៈ​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​រង​ចាំ​ការ​បាត់​បង់​សន្លឹក​ឆ្នោត​គាំទ្រ​អំឡុង​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨។

 

 

ជាមួយ​គ្នា​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ថា​ប្រាកដ​ជា​មាន​ការ​ប៉ះ​ពាល់​ដល់​គុណភាព​នៃ​សេវា​សាធារណៈ ដែល​អាជ្ញាធរ​មូលដ្ឋាន​មាន​ការ​ខ្វះ​ចន្លោះ ក្នុង​ការ​បំរើ​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​លោក​ថា ដី​ធ្លី​មិន​មែន​ជា​បញ្ហា​តែ​មួយ​គត់​នោះ​ទេ។

 

ប្រភព ៖ វិទ្យុបារាំង RFI ផ្សាយថ្ងៃទី ២៦ មិថុនា ២០១៧

 

 

Go to top